កំពត: រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានចែករំលែកនូវក្តីស្រឡាញ់ របៀបបណ្តុះ និងដាំដើមត្នោតជាមួយគ្រួសារបរិស្ថាន នៅក្នុងស្រុកជុំគីរី ខេត្តកំពត នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា មន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥ បានត្រៀមថ្នាល សម្រាប់បណ្តុះកូនត្នោតរួចជាស្រេច ជាមួយការបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋ នៅឆ្នាំក្រោយៗ បន្តបន្ទាប់ ដើម្បីបណ្តុះផ្នត់គំនិត ពន្លកបៃតង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០% នៅឆ្នាំ២០៥០ន្ទឹមនេះ លោក អ៊ាង សុផល្លែត បានបង្កើតថ្នាលបណ្តុះកូនត្នោត និងបានដាំត្នោតបានរាប់ម៉ឺនដើមរួចមកហើយ នៅក្នុងភូមិសាស្រ្តស្រុកជុំគីរី ខេត្តកំពត។ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិនេះ ដើម្បីលើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ។ ជាមួយគ្នានេះ ការដាំត្នោតជាចម្ការ និងតាមការធ្វើទំនើបកម្មក្នុងការដាំ គឺដាំជាជួរ ដោយមានគម្លាតគម្លាត ៤,៥ម៉ែត្រ ពីមួយដើមទៅមួយដើមទៀត និងគម្លាត ៥ម៉ែត្រ ពីជួមួយទៅជួមួយទៀត។ វិធីសាស្រ្តនេះផ្តល់ភាពងាយស្រួលក្នុងការប្រមូលផល និងអាចជួយឱ្យប្រជាពលរដ្ឋរកចំណូលបាន។ លើសពីនេះ ចម្ការត្នោតបង្ហាញជូនទេសចរជាតិ អន្តរជាតិ ពីសោភ័ណភាពនៃការដាំ ពីជីវភាពរស់នៅ របស់ពលរដ្ឋផ្សារភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ ដែលកើតមានតាំងពីយូរលង់ណាស់មកហើយសូមបញ្ជាក់ថា ដើមត្នោតត្រូវបានចាត់បញ្ចូល ជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥។ រុក្ខជាតិត្នោត បានផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដូចជា ផ្តល់គម្របបៃតង និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃ ដូចជា ទឹកត្នោត ស្ករត្នោត ដែលបានមកពីទឹកត្នោត ប្រភេទអារហារដែលផ្តល់ថាមពល ជួយដល់សុខភាព។ ចំណែកស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ដើមត្នោតធ្វើទូក ផ្ទះជាដើម។ លើសពីនេះក៏ធ្វើជាសម្ភារប្រើប្រាស់បានជាច្រើនទៀត ដោយការច្នៃចេញពីរុក្ខជាតិ គឺត្នោតនេះឯង៕