បាត់ដំបង: ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាន់តែខិតជិតចូលមកដល់ហើយ ពោលនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្អែកនោះ សម្រាប់ខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នេះ ទាំងរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ស្ថាប័ននានា ក្នុងខេត្តបាត់ដំបង បានរៀបចំទីតាំង ដោយមានការចងបដាពាក្យស្លោកនៅតាមទីសាធារណៈ និងតាមដងផ្លូវនានាក្នុងក្រុងបាត់ដំបង និងដោយឡែករដ្ឋបាលស្រុកទាំង១៣ នៃខេត្តបាត់ដំបង ក៏បានរៀបចំទីតាំង និងចងបដាពាក្យស្លោកដូចគ្នានេះដែរ បានរួចរាល់ហើយ ដើម្បីត្រៀមខ្លួនចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលបានប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានចូលរួមអបអរសាទរ និងប្រកាសសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងអភិវឌ្ឍន៍ដ៏ធំនេះ ព្រមទាំងត្រៀមវាយជួង ទូងស្គរ រគាំង និងត្រដោកជាដើម ដើម្បីបង្ហាញនូវគាំទ្រដោយភាពសប្បាយរីករាយ ព្រោះគម្រោងព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជា ពោលគឺអាចកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន ដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា ពោល គឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើនទៀត ក្រៅពីនោះព្រែកជីកនេះក៏ជាអំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរព្រែកជីកហ្វូណនតេជោនេះ ក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ៕