ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទ ដោយរុះរើបំផ្លាញចោលរបាំងសាច់អួន និងរបាំងស្បៃមុងជាច្រើនកន្លែង

CPN News
បញ្ចូលដោយ -


កំពង់ឆ្នាំង:  កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំផ្លូវទូក ស្រុកកំពង់លែង ដែលមានព្រំប្រទល់ជាប់នឹងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទនេះ មានកម្លាំងខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងសហគមន៍នេសាទផ្លូវទូក និងកម្លាំងសមត្ថកិច្ចស្រុកកំពង់លែង សរុបចំនួន ៣៥នាក់ មធ្យោបាយកាណូតបាឡាចំនួន ៧គ្រឿង បានចុះទៅកាន់ចាប់ពីចំណុចផ្លូវដំរី ទៅដល់តំបន់អភិរក្សឡូត៍លេខ១ ក្នុងភូមិថ្នល់ឈើទាល និងភូមិស្លត ឃុំផ្លូវទូក ដោយបានប្រទះឃើញមានបទល្មើសរបាំងសាច់អួន និងរបាំងស្បៃមុង ដែលជនខិលខូចលួចដាក់ស្ទាក់ចាប់ត្រី នៅក្នុងរដូវបិទនេសាទនេះ លោក បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះសម្រេចរុះរើបំផ្លាញចោលនៅនឹងកន្លែង មានរបាំងសាច់អួន ៨កន្លែង ប្រវែង ១.២០០ម៉ែត្រ បង្គោល ៧២០ដើម និងលបលូ ១៦មាត់ ។ របាំងស្បៃមុង ៨កន្លែង ប្រវែង ៨០០ម៉ែត្រ បង្គោល ៣០០ដើម លន់លូ ៨មាត់ និងចាក់លែងត្រីចម្រុះល្អិតៗ ចំនួន ៨៤០គីឡូក្រាម ៕








ពាក្យគន្លឹះ: